ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
1.46K subscribers
3.07K photos
77 videos
41 files
116 links
Download Telegram
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋធម្មនុញ្ញ នៃសួនច្បារប៉ែកខាងលិចនៃវិមានឯករាជ្យ រាជធានីភ្នំពេញ ឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញពិនិត្យការដ្ឋាន និងដឹកនាំកិច្ចប្រជុំរៀបចំកំណត់ហេតុគោរពជូនថ្នាក់ដឹកនាំ អំពីការប្រគល់-ទទួលនូវវិមានរដ្ឋធម្មនុញ្ញ និងសួនច្បារនៅលើទីតាំងផ្នែកកណ្តាលនៃសួនច្បារប៉ែកខាងលិចនៃវិមានឯករាជ្យ រាជធានីភ្នំពេញ សម្រាប់ដំណាក់កាលនៃការអនុវត្តការងារសម្រេចលទ្ធផលបាន ១០០% នៃគម្រោងការងារទាំងមូល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត លី រស្មី ស្ថាបត្យករ ដឹកនាំការសាងសង់វិមានរដ្ឋធម្មនុញ្ញ, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងអង្គភាពលទ្ធកម្ម និងអង្គភាពសំណង់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ។
នារសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម យក់ ង៉ុយ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងឋានៈជាសមាជិកសង្កេតការណ៍នៅក្នុងសមាជលើកទី៦ នៃសមាគមតុលាការធម្មនុញ្ញ និងស្ថាប័នប្រហាក់ប្រហែល (AACC) ក្រោមប្រធានបទ “តុលាការធម្មនុញ្ញ និងស្ថាប័នប្រហាក់ប្រហែលនៅក្នុងការពង្រឹងយុត្តិធម៌ធម្មនុញ្ញដើម្បីនិរន្តរភាពសង្គម” ដែលរៀបចំពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នារាជធានីបាងកក ដោយតុលាការធម្មនុញ្ញព្រះរាជាណាចក្រថៃ ដោយមានការអញ្ជើញចូលរួមពីតុលាការធម្មនុញ្ញ និងស្ថាប័នប្រហាក់ប្រហែលមកពី១៤ប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តម យក់ ង៉ុយ បានជួបសំណេះសំណាលជាមួយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ ដើម្បីពាំនាំសារផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ហើយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតប្រធានតុលាការធម្មនុញ្ញថៃ ក៏បានផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈឯកឧត្តម យក់ ង៉ុយ ផងដែរ។

គួរបញ្ជាក់ថា សមាជលើកទី៦នេះធ្វើឡើងរយៈពេល ៣ ថ្ងៃ ដោយថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គឺជាថ្ងៃដំណើរការសមាជ ដែលមានការរៀបចំជាវេទិកាពិភាក្សាតុមូលដើម្បីស្តាប់បទបង្ហាញ និងជជែកពិភាក្សា ហើយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ គឺជាថ្ងៃនៃកម្មវិធីវប្បធម៌។
Media is too big
VIEW IN TELEGRAM
វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។ ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិនេះ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង ១៖ ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប និង២៖ ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។
វិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំងសួនច្បារខាងលិចវិមានឯករាជ្យ នឹងរៀបចំព្រះរាជពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះ។

Website | Facebook | Telegram | TikTok