រដ្ឋបាលខេត្តកំពង់ចាម
10K subscribers
38.4K photos
1.99K videos
21 files
2.36K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រគល់រង្វាន់ «សម្តេចធិបតី និងលោកជំទាវបណ្ឌិត» ជូនសិស្សឆ្នើមនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង

(កំពង់ចាម)៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សឆ្នើមថ្នាក់ទី១០ ដែលទទួលបានជ័យលាភីពានរង្វាន់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ប្រចាំស្រុកព្រៃឈរ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តយកចិត្តទុកដាក់ក្នុងការសិក្សា ពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងភាសាបរទេស ព្រមទាំងចេះស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមទាំងបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការសិក្សា ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យស្របតាមការវិវត្តនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មី។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា យុវជនជំនាន់ក្រោយត្រូវមានសមត្ថភាពត្រិះរិះពិចារណា ចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាពលរដ្ឋឌីជីថលល្អ និងជាធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ថា ការទទួលបានរង្វាន់នាពេលនេះ មិនមែនជាការបញ្ចប់នៃភាពជោគជ័យក្នុងជីវិតនោះទេ ប៉ុន្តែជាការលើកទឹកចិត្ត និងជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្សនាពេលកន្លងមក។ ឯកឧត្តមបានផ្តាំផ្ញើឱ្យសិស្សានុសិស្សកុំមានមោទនភាពហួសហេតុ តែត្រូវបន្តខិតខំរៀនសូត្របន្ថែមទៀត ព្រមទាំងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងការគោរពច្បាប់ទម្លាប់ក្នុងសង្គម។

ឯកឧត្តមបានបន្ថែមថា ការរៀបចំពិធីប្រគល់ពានរង្វាន់ និងរង្វាន់លើកទឹកចិត្តនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងគុណភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

ពិធីនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយបានផ្តល់នូវការលើកទឹកចិត្ត និងជំរុញទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិនាពេលអនាគត៕
❤4👍1👏1
❤5👍1👏1