រដ្ឋបាលខេត្តកំពង់ចាម
10K subscribers
38.1K photos
1.98K videos
21 files
2.35K links
Download Telegram
អភិបាលខេត្តកំពង់ចាម ស្នើដល់មន្ត្រីអប់រំឱ្យពង្រឹងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ត្រីអប់រំ យុវជន និងកីឡា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងសាលារៀន ប្រកបដោយប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម និងពិធីប្រកាសតែងតាំងនាយក នាយិកា នៃសាលាបឋមសិក្សាទាំង ៩ស្រុក ចំនួន ៥០នាក់ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបន្តអនុវត្តកម្មវិធីសាលារៀនស្អាត មានអនាម័យ និងបរិស្ថានបៃតង ដើម្បីលើកកម្ពស់សុខភាព ការសិក្សា និងផ្នត់គំនិតរបស់សិស្សានុសិស្ស។ ជាក់ស្តែង ត្រូវជំរុញការដាំដើមឈើ បង្កើតសួនផ្កា និងថែរក្សាអនាម័យបរិស្ថាន ដើម្បីផ្តល់ម្លប់ ខ្យល់អាកាសបរិសុទ្ធ ពន្លឺគ្រប់គ្រាន់ និងបរិយាកាសស្រស់ស្រាយសម្រាប់ការសិក្សា ព្រមទាំងរៀបចំធុងសំរាមឱ្យបានគ្រប់គ្រាន់ និងអប់រំសិស្សានុសិស្សឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់លោកនាយក នាយិកាទាំងអស់ ត្រូវយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់ការលក់ដូរ ឬការបរិភោគចំណីអាហារហាមឃាត់ដែលអាចប៉ះពាល់ដល់សុខភាពនៅក្នុងបរិវេណសាលារៀន។ ការគិតគូរពីសុខភាពសិស្សានុសិស្ស គឺជាកត្តាចាំបាច់បំផុត ដើម្បីធានាដល់ការលូតលាស់ទាំងផ្នែករាងកាយ និងស្មារតី ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការសិក្សារៀនសូត្រ។ ជាមួយគ្នានេះ ត្រូវលើកទឹកចិត្តឱ្យសិស្សានុសិស្សបរិភោគអាហារដែលមានជីវជាតិ និងផ្តល់អត្ថប្រយោជន៍ដល់ការលូតលាស់របស់រាងកាយ និងខួរក្បាល។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជំរុញ និងណែនាំឱ្យបន្តពង្រឹងទំនាក់ទំនងល្អជាមួយមាតាបិតា និងអាណាព្យាបាលសិស្ស ដើម្បីរួមគ្នាជួយជំរុញការសិក្សា និងឈានទៅសម្រេចបានជោគជ័យរបស់សិស្សានុសិស្ស។ ការបង្កើតកិច្ចសហការនេះ នឹងជួយឱ្យលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលបានយល់ច្បាស់អំពីចំណុចខ្លាំង និងចំណុចខ្វះខាតរបស់សិស្សម្នាក់ៗ ដើម្បីស្វែងរកវិធីសាស្ត្រអប់រំ និងជួយគាំទ្របានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
❤7