រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.34K links
Download Telegram
អភិបាលខេត្តកំពង់ចាម ដឹកនាំគណៈប្រតិភូខេត្ត បំពេញទស្សនកិច្ចនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន

(កំពង់ចាម)៖ តបតាមការអញ្ជើញរបស់អភិបាលខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញបំពេញទស្សនកិច្ចនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព។

តាមផែនការ ដំណើរទស្សនកិច្ចនេះមានរយៈពេល ៥ថ្ងៃ ៤យប់ ដោយមានប្រតិភូអមដំណើររួមមាន ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ច គណៈប្រតិភូនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហៃណាន ព្រមទាំងអញ្ជើញទស្សនកិច្ចតាមស្ថាប័ន និងទីតាំងសំខាន់ៗនានា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ចាម និងខេត្តហៃណាន ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការលើវិស័យកសិកម្ម សុខាភិបាល វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។
❤4🙏4👍1
នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បានចូលរួមពិធីបើកបវេសនាកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាល័យស្រីសន្ធរ និងបានចាត់តាំងអភិបាលរង នៃគណៈអភិបាលស្រុក ចំនួន ៦រូប ចូលរួមក្នុងពិធីបើកបវេសនាកាលថ្មី នៅតាមវិទ្យាល័យទាំង ៦ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានចាត់តាំងលោកមេឃុំ និងអាជ្ញាធរឃុំទាំង ១៤ ឃុំ ឱ្យចូលរួមសហការរៀបចំពិធីបើកបវេសនាកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ នៅតាមអនុវិទ្យាល័យទាំង ៩ និងសាលាបឋមសិក្សាទាំង ៣៩ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ដោយមានការសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុក ព្រមទាំងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា។

នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ក៏បានរៀបចំផ្សព្វផ្សាយ និងអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនាកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីជម្រាបជូនដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស អំពីសារៈសំខាន់នៃវិស័យអប់រំ និងការរួមចំណែករបស់គ្រប់ភាគីក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ទន្ទឹមនឹងនេះ ក៏មានការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ គោរពវិន័យ សីលធម៌ ប្រកាន់ខ្ជាប់នូវគុណធម៌ និងក្លាយជាកូនល្អ សិស្សល្អ​ មិត្តល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។ ជាមួយគ្នានេះ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចក្នុងការបង្រៀន និងអប់រំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ រដ្ឋបាលស្រុកបានយកចិត្តទុកដាក់សម្របសម្រួល និងជំរុញការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាននៅតាមគ្រឹះស្ថានសិក្សា ដើម្បីបង្កលក្ខណៈងាយស្រួល និងធានាឱ្យដំណើរការបង្រៀន និងរៀនប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្នុងស្រុកស្រីសន្ធរមានគ្រឹះស្ថានសិក្សាសរុបចំនួន ៥៤ កន្លែង ក្នុងនោះមានវិទ្យាល័យចំនួន ៦ កន្លែង អនុវិទ្យាល័យចំនួន ៩ កន្លែង និងសាលាបឋមសិក្សាចំនួន ៣៩ កន្លែង ដែលរដ្ឋបាលស្រុកបានចាត់ចែងមន្ត្រី និងសម្របសម្រួលជាមួយអាជ្ញាធរឃុំ ដើម្បីចូលរួមរៀបចំពិធីបើកបវេសនាកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ក្នុងមូលដ្ឋានស្រុកផងដែរ។
លោក ហេង វុទ្ធី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងក្ដីសោមនស្សរីករាយបំផុត ចំពោះសមាជិក-សមាជិកាថ្មី ចំនួន ២២រូប ដែលមានស្មារតី និងឆន្ទៈចូលរួមជីវភាព និងគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា
  
នៅថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានអញ្ជើញក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ សមាជិក-សមាជិកាថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ២២រូប ដែលមកពីគណបក្សផ្សេង នៅទីស្នាក់ការគណបក្សមូលដ្ឋាន ឃុំអារក្សត្នោត។

ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះ លោក ហេង វុទ្ធី បានថ្លែងក្នុងអង្គពិធីនោះថា ការកសាងគណបក្សនៅថ្នាក់មូលដ្ឋាន គឺជាការរួមសុខរួមទុក្ខ និងការរួមគ្នាសម្រេចជោគវាសនារបស់ប្រទេសជាតិ ដែលជាកាតព្វកិច្ចដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋគ្រប់រូប ហើយវត្តមានរបស់សមាជិកថ្មីនេះគឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់ដ៏ក្លៀវក្លាលើគោលនយោបាយដ៏ត្រឹមត្រូវ និងឆន្ទៈមុះមុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ កសាងប្រទេសជាតិ ឱ្យមានការរីកចម្រើនទ្វេរឡើង ក្រោមមគ្គុទេសដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ ប្រកបដោយកិត្តបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ។

ជាមួយគ្នានេះ លោក ហេង វុទ្ធី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងក្ដីសោមនស្សរីករាយបំផុត ចំពោះសមាជិក-សមាជិកាថ្មី ចំនួន ២២រូប ដែលមានស្មារតី និងឆន្ទៈចូលរួមជីវភាព និងគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ។

ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានដូចជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់សមាជិកគណបក្សថ្មី ទាំង២២រូប និងបានឧបត្ថម្ភថវិកាសម្រាប់ការចិញ្ចឹមចលនាដល់ក្រុមការងារថ្នាក់មូលដ្ឋាន មួយចំនួនផ្សេងទៀត ផងដែរ ។
❤6