រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.4K photos
1.95K videos
21 files
2.33K links
Download Telegram
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក ទំនប់កែប្រែ ដែលរងការបាក់ស្រុតដោយគ្រោះធម្មជាតិ

(កំពង់ចាម) សំណង់ចំណាស់ ១កន្លែង ដែលមានអាយុកាលប្រមាណ ៥០ឆ្នាំ គឺសំណង់ទ្វារទឹក "ទំនប់កែប្រែ" ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម បានទទួលរងការបាក់ស្រុតមុខឈ្នាងទ្វារទឹកម្ខាងដែលបណ្តាលមកពីគ្រោះធម្មជាតិ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ ដោយតម្រូវឲ្យផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តធុនធំ ដោយអនុញ្ញាតឲ្យធ្វើចរាចរណ៍សម្រាប់រថយន្តធុនតូច និងម៉ូតូ។

ដោយបានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ភ្លាមៗនោះ ឯកឧត្តម បានចាត់ឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ធ្វើអន្តរាគមន៍បន្ទាន់ ដោយបានដាក់ស្លាកចរាចរណ៍ និងប្រព័ន្ធសុវត្ថិភាព ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវនោះ។

ជាក់ស្តែង នៅថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ នេះ ក្នុងដំណើរអញ្ជើញបំពេញការងារនៅស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ អភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរ/អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងបានថ្លែងបញ្ជាក់ថា សំណង់ខាងលើដែលកំពុងរងការខូចខាតបាក់មុខឈ្នាងទ្វារទឹកម្ខាង បណ្តាលមកពីគ្រោះធម្មជាតិ​នឹងរៀបចំជួសុជុលឡេីងវិញ​ ខណៈគម្រោងសាងសង់ផ្លូវបេតុងលេីខ្នងទនប់នេះស្ថិតក្នុងសុពលភាពការងារថែទាំនៅឡេីយ។

គួររំលឹកថា ក្នុងផែនការពង្រីកសក្ដានុពលអេកូទេសចរណ៍សម្រាប់ក្របខណ្ឌខេត្តកំពង់ចាម ឲ្យបានទូលំទូលាយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត លោកធ្លាប់បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រខាងលើ ដើម្បីសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតតំបន់ដ៏ស្រស់បំព្រងមួយនេះឲ្យក្លាយទៅជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញមួយនាពេលអនាគត៕
❤9👍1