វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ/NPIA
1K subscribers
377 photos
16 videos
7 files
101 links
ផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងវិទ្យាស្ថាន ព័ត៌មានផ្សេងៗដែលជាព័ត៌មានពិតក្នុងស្រុកនឹងក្រៅស្រុក ក៏ដូចជាព័ត៌មានដែលមានប្រយោជន៍ដល់សិក្ខាកាម សិស្ស និស្សិត និងសាធារណៈជនទូទៅ។ សូមអរគុណ
Download Telegram
🏆អបអរសាទរជ័យលាភីឆ្នើមទាំង 3រូប របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងនិស្សិតទាំងអស់ សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងមានមោទនភាពជាទីបំផុតចំពោះបេក្ខជនតំណាងវិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែងរហូតដណ្តើមបានមេដាយមាស ប្រាក់ សំរិទ្ធិ និងកិត្តិយសក្នុង «ការប្រកួតប្រជែងជំនាញថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៦» រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការចូលរួមពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានាទូទាំងប្រទេស។

🧱និស្សិតជ័យលាភី និងជំនាញប្រកួតប្រជែង
🥇និស្សិតឈ្មោះ ពុទ្ធី នារីរត្ន (Digital Construction)
🥈និស្សិតឈ្មោះ រ៉ាក់វ៉ាន់ប្រាក់ខូន ខាត់ឌីយ៉ា (Digital Construction)
🥉និស្សិតឈ្មោះ រម្យ គឹមអេង និងនិស្សិត សន សារ៉ូ (Mechatronic)


សមិទ្ធផលដ៏ត្រចះត្រចង់នេះ កើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្មរបស់បេក្ខជន រួមផ្សំជាមួយនឹងការយកចិត្តទុកដាក់បង្ហាត់បង្រៀនយ៉ាងដិតដល់ពីលោកគ្រូ អ្នកគ្រូ ជំនាញរបស់យើងកន្លងមក។
👍បេក្ខជននឹងជាតំណាងប្រទេសកម្ពុជាដើម្បីឡើងបន្តទៅប្រកួតតំណាងប្រទេសនៅអាស៊ានបន្តទៀត

សូមជូនពរឱ្យប្អូនៗបន្តទទួលបានជោគជ័យបន្ថែមទៀត៕

#MLVT #TVET #NationalSkillsCompetition2026 #CambodiaSkills
Forwarded from HENG Sour
ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាឆ្នាំនេះ រកឃើញបេក្ខជនជ័យលាភីទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន ៣១ មេដាយដែលនឹងត្រូវជ្រើសរើសតំណាងកម្ពុជាទៅចូលរួមប្រកួតនៅក្រៅប្រទេសបន្តទៀត

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញ ជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ គណៈកម្មការរៀបចំ គណៈវិនិច្ឆ័យ ជំនាញការ លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតប្រមាណ ៥០០នាក់។ ការប្រកួតនេះបានរកឃើញបេក្ខជនជ័យលាភីឆ្នើមទទួលមេដាយមាសចំនួន ៨ មេដាយ, មេដាយប្រាក់ ៩ មេដាយ និងមេដាយសំរឹទ្ធិ ១៤ មេដាយ។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គណៈកម្មការរៀបចំ និងភាគីពាក់ព័ន្ធ ដែលបានខិតខំដឹកនាំ សម្របសម្រួល និងរៀបចំព្រឹត្តិការណ៍នេះយ៉ាងសកម្មរយៈពេល ៥ថ្ងៃកន្លងមក រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកជំទាវបានអបអរសាទរចំពោះក្មួយៗទទួលជ័យលាភីពីកម្មវិធី ដែលពិតជាបង្ហាញទេពកោសល្យ សមត្ថភាព និងភាពច្នៃប្រឌិតលេចធ្លោ ស័ក្តិសមជាជ័យលាភីតំណាងឱ្យភាពប៉ិនប្រសប់ផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចាត់ទុកការប្រកួតប្រជែងនេះ ជា "បទពិសោធដ៏មានតម្លៃ ទុនសម្រាប់អភិវឌ្ឍខ្លួន និង ភាពជោគជ័យរួចជាស្រេច"។

ជាមួយគ្នានេះ លោកជំទាវមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែងផ្តល់អាទិភាពខ្ពស់លើ “ធនធានមនុស្ស” ក្នុងការអភិវឌ្ឍប្រទេស ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលមានចីរភាព និងបរិយាបន្ន ដែលមិនអាចខ្វះបានឡើយនូវកម្លាំងពលកម្មដែលមានគុណវុឌ្ឍិខ្ពស់ប្រកបដោយជំនាញរឹង (Hard Skills) ជំនាញទន់ (Soft Skills) និងក្រមសីលធម៌វិជ្ជាជីវៈ។ ជ័យលាភីនាថ្ងៃនេះ នឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ ក្នុងការជួយផ្លាស់ប្តូរកម្លាំងពលកម្មកម្ពុជា ឱ្យទៅជាកម្លាំងពលកម្មជំនាញខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។

លោកជំទាវបានគូសបញ្ជាក់ថា ជ័យជំនះនាថ្ងៃនេះ គឺជាការបើកឱកាសឱ្យក្មួយៗឈានទៅវាស់ស្ទង់សមត្ថភាពនៅលើឆាកអន្តរជាតិ។ ហេតុនេះ ដើម្បីត្រៀមខ្លួនឱ្យបានល្អប្រសើរបំផុត លោកជំទាវបានរផ្តាំផ្ញើបេក្ខជនឱ្យបន្តហ្វឹកហាត់ដោយឥតឈប់ឈរ ប្រកាន់ខ្ជាប់នូវស្មារតីតំណាងជាតិ ស្តាប់ការណែនាំរបស់អ្នកជំនាញ និងសិក្សាពីស្តង់ដាអន្តរជាតិជាដើម។ លោកជំទាវក៏បានលើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សា វិស័យឯកជន និងអង្គការពាក់ព័ន្ធ បន្តគាំទ្រកម្មវិធីនេះ ក៏ដូចជាដល់ការហ្វឹកហាត់បំប៉នសមត្ថភាពបេក្ខជនជ័យលាភីឱ្យមានភាពស្ទាត់ជំនាញខ្ពស់ មុននឹងចេញទៅប្រកួតលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា កម្មវិធីនេះមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១១២នាក់ (នារី ២៩ រូប) មកពីគ្រឹះស្ថានចំនួន ២០ លើមុខជំនាញ ១២។ បេក្ខជនជ័យលាភីដែលទទួលបានមេដាយមាសទទួលបានប្រាក់រង្វាន់ចំនួនបីលានរៀល មេដាយប្រាក់ទទួលបានចំនួនពីរលានរៀល និងមេដាយសំរឹទ្ធិចំនួនមួយលានរៀល ហើយនឹងត្រូវជ្រើសរើសជាតំណាងកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញក្នុងកម្រិតតំបន់អាស៊ាន អន្តរជាតិ និងពិភពលោកផងដែរ៕

#MLVT #HENGSour