តៃវ៉ាន់ - កាលពីថ្ងៃពុធទី១៩ខែឧសភា ឆ្នាំ២០២១ នេះ តៃវ៉ាន់ទទួលបានវ៉ាក់សាំង អាស្ត្រាហ្សេណេកា ចំនួន ៤០ម៉ឺនដូស តាមរយៈគម្រោងកូវ៉ាក់។ កន្លងមក តៃវ៉ាន់ធ្លាប់ទទួលវ៉ាក់សាំងដូចគ្នាជិត ២០ម៉ឺនដូសពីគម្រោងកូវ៉ាក់នេះដែរ។ ក្រៅពីក៏មានការទទួលរួចហើយផងដែរនូវវ៉ាក់សាំងដែលបានទិញផ្ទាល់ចំនួនជិត ១២ម៉ឺនដូសពីក្រុមហ៊ុនអាស្ត្រាហ្សេណេកា។
ប្រេស៊ីល - ប្រធានាធិបតីប្រេស៊ីលលោក Bolsonaro បានដឹកនាំអ្នកគាំទ្រជិះម៉ូតូរាប់ពាន់គ្រឿងនៅក្នុងទីក្រុងរីយ៉ូ ដើម្បីតទល់នឹងសម្ពាធមកលើរដ្ឋាភិបាលលោកឲ្យបន្តឹងវិធានការគ្រប់គ្រងការរាលដាលកូវីដ១៩។ ក្រៅពីនេះ ការដឹកនាំក្បួនម៉ូតូនេះ ក៏ដើម្បីបង្ហាញពីប្រជាប្រិយភាពរបស់លោក ក្រោយពេលមានការស្ទង់មតិមួយថាប្រជាប្រិយភាពរបស់លោកធ្លាក់ចុះក្រោមប្រជាប្រិយភាពអតីតប្រធានាធិបតី (២០០៣-២០១១) លោក Lula ក្នុងការបោះឆ្នោតឆ្នាំ ២០២២ ខាងមុខនេះ។ លោក Lula មិនត្រូវបានអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ឡើយ ក្រោមបទចោទប្រកាន់អំពើពុករលួយ។ ប៉ុន្តែតុលាការកំពូលបានច្រានចោលការចោទប្រកាន់នេះកាលពីខែមីនាកន្លងទៅនេះ។