អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
ក្រើនរំលឹក
ហាមថតរូបភាព ឬវីដេអូ ចល័តទ័ព ទីតាំងអាវុធ និងទីតាំងលេណដ្ឋាន កងទ័ពចែកចាយលើបណ្តាញសង្គម
សុវត្ថិភាពខ្លួនយើង យុទ្ធមិត្តយើង គ្រួសារយើង ប្រទេសជាតិយើង
នាវាចម្បាំងរុស្ស៊ី២គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច៣ថ្ងៃ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ នាវាចម្បាំងរបស់រុស្ស៊ីចំនួន​២​គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈ​ពេល​៣ថ្ងៃ​នៅ​កម្ពុជា។ នាវាចម្បាំងទាំងពីរគ្រឿងនេះ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក​នៃកងទ័ព​ជើង​ទឹកសហព័ន្ធរុស្ស៊ី។

នាវាចម្បាំងរបស់រុស្ស៊ីដែលចតនៅកម្ពុជាពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៦នេះ រួមមាននាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣។ នាវា​ចម្បាំង​​ទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាន​នាវិកសរុប​ប្រមាណ ២៦២នាក់។

នាវាចម្បាំង Sovershennyy ដាក់ដំណើរការកាលពីឆ្នាំ២០១៧។ វាជានាវាចម្បាំងប្រភេទ corvette ថ្នាក់ Steregushchy-class ទម្ងន់២២០០តោន ប្រវែង១០៤ម៉ែត្រ ដើរដោយម៉ាស៉ីនម៉ាស៊ូត និងល្បឿន៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ នាវាចម្បាំងនេះ មានបំពាក់ប្រព័ន្ធរ៉ាដា និងមីស៉ីលចម្រុះ ហើយមានកន្លែងសម្រាប់ឱ្យឧទ្ធម្ភាគចក្រអាចចុះចតបាន។

នាវាចម្បាំង Rezky ដាក់ដំណើរការកាលពីឆ្នាំ២០២៣។ វាមានលក្ខណៈបច្ចេកទេស ស្រដៀងគ្នាទៅនឹងនាវាចម្បាំង Sovershennyy ដែរ ដោយសារជានាវាប្រភេទ corvette ស្ថិតក្នុងថ្នាក់ Steregushchy-class ដូចគ្នា។ ពួកវាមានតម្លៃខ្ទង់ ១២០-១៥០លានដុល្លារក្នុងមួយគ្រឿង។

នៅវេលាម៉ោងជិត៩ព្រឹក នាវាចម្បាំងដ៏មានអនុភាពលើលំហ​សមុទ្រ​​របស់រុស្ស៊ី បានចូលចតនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ។ ការមកដល់​របស់​នាវាចម្បាំងទាំងពីរគ្រឿង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តម​នាវីត្រី​ អុិន​ សុខេមរា​ មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម​ ជាមួយកងទ័ពជើងទឹករបស់កម្ពុជាចំនួន​៦០​នាក់ ដោយមានការចូលរួមពីលោក Anatoly Borovik ឯកអគ្គរដ្ឋ​ទូតរុស្ស៊ី​ប្រចាំ​នៅកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺជាកម្ម​វិធីមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារ​ជាតិ​រវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។

ក្រោយពេលចូលចតនៅកម្ពុជាហើយនោះ តាមកម្មវិធីដែលបានគ្រោងទុក។ មេបញ្ជា​ការ និងនាវិកនៅលើនាវានឹងបំពេញទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ដោយមានការ​ចូល​ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។

ក្រៅពីនោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងការពារជាច្រើនរូបទៀត ក៏នឹង​អញ្ជើញទស្សនកិច្ចលើនាវា​ផង​ដែរ។ កម្មវិធីទស្សនកិច្ចនេះ ក៏រួមមានកម្មវិធីទស្សនា​នាវា​ ដោយសិស្ស និស្សិត និង​លោក​គ្រូអ្នកគ្រូ នៃសាលាស្ថានទូតរុស្ស៊ី។

ក្រៅពីនេះ ក្នុងឱកាសសំចតនៅកម្ពុជា កងទ័ពជើងទឹកកម្ពុជា និងរុស្ស៊ី ក៏មា​ន​លេង​បាល់​ទាត់មិត្តភាពផងដែរ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី នាវាចម្បាំងរបស់រុស្ស៊ី បានមកចត និងទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ កាលពីឆ្នាំ​២០២៥ កំលុងខែមេសា និងឧសភា ក្រុមនាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿង បានចូល​មក​ច​ត​នៅកម្ពុជា រួមមាននាវាចម្បាំង Hero of the Russian Federation Aldar Tsydenzhapov និង Rezky រួមជាមួយនាវាផ្ទុកប្រេងធុនមធ្យម Pechenga នៅឯកំពង់ផែស្វយ័តព្រះសីហនុ។

របាយការណ៍បានបង្ហាញផងដែរថា គិតចាប់ពីឆ្នាំ២០១១មក នាវាចម្បាំងរុស្ស៊ី បានចូលចតនៅកម្ពុជា ចំនួន៨លើក ស្មើ១៨គ្រឿង៕