នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
6.15K subscribers
634 photos
5 videos
14 links
Channel ផ្លូវការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
Download Telegram
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលស្រុកកណ្តាលត្រាំកក់។

កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៣ វេលាប្រហែលម៉ោង០២រំលងអាធ្រាត មានជនសង្ស័យមួយក្រុម (មើលតាមកាមេរាសុវត្ថិភាព) បានធ្វើសកម្មភាពគាស់ទំលុះទម្លាយកុងតឺន័រ ដែលចតទុកនៅក្នុងឃ្លាំងស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លួចយកខ្សែភ្លើងបង្គុំតប្រព័ន្ធភ្លើងរថយន្ត ហើយគេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ រួមមាន៖

ទី១៖ឈ្មោះ នួន ឈុនលាង ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២៖ឈ្មោះ សែ គន្ធា ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៣៖ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ, ទី៤៖ឈ្មោះ អែម សំអុល ភេទប្រុស អាយុ៣៨ឆ្នាំ, ទី៥៖ឈ្មោះ ហេង ប៊ុនស ភេទប្រុស អាយុ៤៥ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី៕
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងបណ្ដាអ្នកសារព័ត៌មានឲ្យបានជ្រាបថា៖

បុគ្គលឈ្មោះ ស្រី មាសចាន់តារ៉ា ម្ចាស់គណនី «Srey Measchandara» ភេទប្រុស អាយុ៣៧ឆ្នាំ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានចូលមកសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ក្រោយបង្ហោះសារតាមបណ្ដាញសង្គម Facebook ប្រឌិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសដល់នាយនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

បុគ្គលឈ្មោះ ស្រី មាសចាន់តារ៉ា សន្យានៅចំពោះមុខសមត្ថកិច្ចថា បញ្ឈប់ការផ្សព្វផ្សាយលើបណ្ដាញសង្គមតាមគ្រប់ប្រភេទ គ្រប់មធ្យោបាយ ដែលនាំឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលជាតិ រួមទាំងបណ្ដាអង្គភាពផ្សេងៗ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់បណ្ដាសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយព័ត៌មានប្រឌិតជាការបង្ហោះរបស់បុគ្គលឈ្មោះ ស្រី មាសចាន់តារ៉ា កាលពីពេលកន្លងទៅសូមបញ្ឈប់ការចុះផ្សាយ និងសូមធ្វើការកែតម្រូវតាមរបបសារព័ត៌មាន ពិសេសសូមចុះផ្សាយនូវអ្វីដែលការបំភ្លឺ ព្រមទាំងការទទួលស្គាល់កំហុសរបស់ឈ្មោះ ស្រី មាសចាន់តារ៉ា។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអរគុណចំពោះការចូលរួមសហការពីសំណាក់បងប្អូនអ្នកសារព័ត៌មាន ដើម្បីបញ្ឈប់រាល់សកម្មភាពចុះផ្សាយទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ពិសេសប៉ះពាល់ដល់កិត្តិយសនាយនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៣៖៣០នាទី លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហ៊ួរ ជានាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានជិះល្បាតតាមដងផ្លូវ ក៏បានប្រទះឃេីញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាក់លេខប៉ៃលិន1C-8935 បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះជាជនជាតិចិន បានសម្រេចត្រង់ចំណុចផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន1C-8935។ ម៉ូតូនេះជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់ក កាលពីពេលកន្លងទៅថ្មីៗនេះ ហើយបន្ដយកមកជិះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ។

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននាំជនរងគ្រោះឈ្មោះ WANG JIN NAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មកដាក់ពាក្យបណ្ដឹងនៅការិយាល័យ និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវដេីមត្រាំង សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ក្រោយបានចម្លើយសារភាព ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចជំនាញបានបន្ដទៅឆែកឆេរក្នុងបន្ទប់ជួលរបស់ជនសង្ស័យ និងបានប្រទះឃើញសោសម្រាប់កាច់កម៉ូតូចំនួន២បន្ថែមទៀត។

រហូតដល់ថ្ងៃទី២០ ខែ​កញ្ញា​ ឆ្នាំ២០២៣នេះ វេលាម៉ោង ១៥៖៣០នាទី​ កម្លាំង​ជំនាញការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល អធិការដ្ឋានស្រុកស្អាង បាននាំជនសង្ស័យឈ្មោះ លឹម ធារ៉ា ចង្អុលបង្ហាញមុខសញ្ញាដែលទទួលផលចោកម្ម ឃាត់ខ្លួនបានត្រង់ចំណុចភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ចំនួន៣នាក់៖

*ទី១៖ ឈ្មោះ នុត នន់ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល, ទី២៖ ឈ្មោះ មាំង ម៉ាប់ អាយុ២០ឆ្នាំ ស្នាក់នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទី៣៖ឈ្មោះ តុល ភា អាយុ៣១ឆ្នាំ ស្នាក់ភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សម្ភារៈដកហូត​ម៉ូតូចំនួន២គ្រឿង ម៉ាក​ Honda Dream C125 ពណ៌ខ្មៅ​ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខតាកែវ1C-5710 និងម៉ាក Honda Cub ពណ៍ទឹកប៊ិច ពាក់ផ្លាកលេខតាកែវ1B-8767។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាន ​ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​៕