អប់រំកម្ពុជា - សារព័ត៌មាននិងទស្សនៈ
749 subscribers
406 photos
68 videos
4 files
136 links
ផ្សាយព័ត៌មានសំខាន់ៗនិងទស្សនៈល្អៗជាច្រើនដែលដឹងនាំជីវិតរបស់យើងឲ្យរឹងមាំនិងសុភមង្គល។
Download Telegram
កូនស្រីម៉ែ

កូនស្រីម៉ែ! ម៉ែរីករាយណាស់ដែលបានឃើញមុខកូនពីដំបូង។ កូនគឺជាមនុស្សដែលស្អាតជាងគេបំផុតក្នុងក្រសែភ្នែករបស់ម៉ែ។ ដូចនេះកូនត្រូវតែធ្វើខ្លួនអោយបានស្អាតសម្រាប់មនុស្សផងទាំងពួងដែរ។

កូនស្រីម៉ែ! ស្រ្តីមិនមែនជាភេទទន់ខ្សោយឡើយ អ្វីដែលបុរសអាចធ្វើបាន កូនម៉ែក៏អាចធ្វើបានដូចគ្នាដែរ ប៉ុន្តែអ្វីដែលស្រ្តីធ្វើបានទេតើ ដែលបុរសមិនអាចធ្វើបាន(នោះ)។ ស្រ្តីអាចធ្វើជាអ្នកនយោបាយ អ្នកជំនួញ ទាហាន អ្នកបើកយន្តហោះ អវកាសយានិក និងរឿងជាច្រើនទៀត។

កូនស្រ្តីម៉ែ! អត្តចរិតសំខាន់ណាស់ ដូចនេះកូនត្រូវតែសម្អិតសម្អាងអោយបានស្អាតជាប្រចាំ។ សម្រស់ខាងក្រៅគ្រាន់តែលម្អក្នុងរយៈពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែអត្តចរិតគឺមានតម្លៃជានិច្ច។ កូនត្រូវតែចេះធ្វើខ្លួនអោយបានស្អាតទាំងខាងក្នុង ទាំងខាងក្រៅ ទោះបីសម្រស់ខាងក្នុងសំខាន់ជាងក៏ដោយ។ (ចេះ)រៀបចំខ្លួនអោយបានស្អាតហើយកូនចាំថា គ្មានស្រ្តីណាដែលអាក្រក់នោះទេ គឺមានតែស្រ្តីដែលមិនចេះធ្វើខ្លួនប៉ុណ្ណោះ។

កូនស្រីម៉ែ! កូនស្រីមិនមែនបង្វិលជើងក្រានមិនជុំនោះទេ កូនស្រីមានសមត្ថភាពគ្រប់យ៉ាងដែលអាចធ្វើទាំងកិច្ចការមេផ្ទះបានយ៉ាងល្អនិងបន្ថែមកិច្ចការជាច្រើនទៀតនៅខាងក្រៅផ្ទះ។ កូនត្រូវតែហ៊ានចេញមកខាងក្រៅដើម្បីមើលពិភពលោកនិងសាកល្បងធ្វើកិច្ចការជាច្រើនទៀតដែលកូនពេញចិត្ត និងកិច្ចការដែលកូនអាចធ្វើបាន។

កូនស្រីម៉ែ! កូនអាចទន់ភ្លន់ ប៉ុន្តែមិនត្រូវទន់ជ្រាយនោះទេ។ កូនអាចរឹងមាំ ប៉ុន្តែមិនត្រូវរឹងក្បាលនោះទេ។ កូនត្រូវចេះប្រើបញ្ញាដើម្បីដោះស្រាយបញ្ហា មិនមែនប្រើតែអារម្មណ៍មួយមុខនោះទេ។ ទោះម៉ែដឹងថា កូនស្រីពោរពេញដោយមនោសញ្ចេតនានិងអារម្មណ៍ជ្រាលជ្រៅ ប៉ុន្តែមិនត្រូវបណ្តោយអោយអារម្មណ៍គ្រប់គ្រងកូនគ្រប់ពេលវេលានោះទេ។

កូនស្រីម៉ែ! ចំណេះដឹងគឺជារឿងដែលសំខាន់បំផុតដែលអាចធ្វើអោយកូនពឹងពាក់បានពេញមួយជីវិត។ ទោះកូនជាមនុស្សស្រី តែមិនត្រូវពឹងផ្អែកលើគេទាំងស្រុងនោះទេ កូនត្រូវតែចេះមានឯករាជ្យដោយខ្លួនឯង។ កូនត្រូវពឹងលើចំណេះដែលកូនមាន ដូចនេះ កូនត្រូវបន្តរៀនជាប្រចាំ រៀនពីមនុស្សគ្រប់គ្នា រៀនគ្រប់គ្រងពេលវេលា គ្រប់ទីកន្លែង និងប្រឹងប្រែងដោយខ្លួនឯង។

កូនស្រីម៉ែ! តម្លៃសំខាន់ណាស់សម្រាប់មនុស្សស្រី។ គេអោយតម្លៃឬមិនអោយតម្លៃមិនមែនអាស្រ័យលើអ្នកដ៏ទៃនោះទេ ប៉ុន្តវាអាស្រ័យលើការប្រព្រឹត្តនិងការបង្ហាញរបស់កូនទេតើ។ កូនចង់ទទួលបានតម្លៃ កូនត្រូវធ្វើខ្លួនអោយមានតម្លៃជាមុនសិន ហើយគ្មានវិធីណាក្រៅពីនេះឡើយ។ បើកូនធ្វើខ្លួនជាមនុស្ស(ដែល)គ្មានតម្លៃ កុំអន់ចិត្តបើគេមិនអោយតម្លៃកូន។

កូនស្រីម៉ែ! កូនមានបេះដូងប្រាកដណាស់ថានឹងមានក្តីស្រលាញ់ ប៉ុន្តែក្តីស្រលាញ់របស់កូនក៏ត្រូវតែប្រគល់ឲ្យ(ជូន)មនុស្សដែលសក្តិសមនឹងកូនដែរ។ ម៉្យាងទៀតការជ្រើសរើសដៃគូជីវិតសំខាន់ណាស់។ កូនត្រូវតែយកចិត្តទុកដាក់អោយបានខ្លាំងបំផុត កុំចេះតែធ្វើតាមចិត្តឬតាមអារម្មណ៍របស់ខ្លួនអោយសោះ។ កូនត្រូវចេះប្រើប្រាស់បញ្ញាដើម្បីជាជំនួយ កុំពឹងតែលើអារម្មណ៍និងមនោសញ្ចេតនាពេកពីព្រោះវាពិតជាលម្អៀងណាស់។

កូនស្រីម៉ែ! ទោះចួបបញ្ហាលំបាកប៉ុនណាក៏ដោយ កូនត្រូវតែរឹងមាំ។ អ្នកណាដែល ថាមិនចួបបញ្ញាក្នុងជីវិតនោះ ហើយគ្មានបញ្ហាណាដែលកើតមកហើយ មិនអាចដោះស្រាយបាននោះ ហើយក៏គ្មានភ្លៀងឯណា ភ្លៀងរហូតមិនចេះឈប់នោះដែរ។ កូនត្រូវតែចេះលើកទឹកចិត្តខ្លួនឯង ធ្វើខ្លួនអោយរឹងមាំ ហើយត្រៀមប្រឈមនឹងវា។ បញ្ហាតែងតែធ្វើអោយមនុស្សរឹងមាំ បើយើងចេះគ្រប់គ្រងនិងកែច្នៃវានោះ។ ទោះបីមានរឿងអ្វីក៏ដោយ កូនត្រូវតែរក្សានូវសេចក្តីសង្ឃឹមជានិច្ច។ អោយតែកូនសង្ឃឹម នោះកូននឹងមានផ្លូវដោះស្រាយ ហើយពេលដែលកូនមានផ្លូវដោះស្រាយ នោះកូននឹងមានសង្ឃឹម។

កូនស្រីម៉ែ! កូនគឺជាដៃគូមិនអាចខ្វះបានរបស់មនុស្សប្រុស។ កុំធ្វើជាស្រី(ស្រ្តី)ដែលត្រូវការបុរស ប៉ុន្តែត្រូវធ្វើជាស្រី(ស្រ្តី)ដែលបុរសមិនអាចខ្វះបាន។ មិនមែនយើងត្រូវតែពឹងលើបុរសរហូតឬត្រូវតែជួយគេរហូតនោះទេកូនត្រូវចេះជួយគ្នាទៅវិញទៅមក ទើបកូនអាចទទួលបានជីវិតដ៏រីករាយនិងរុងរឿងបាន។ មិនមែនកូនត្រូវដើរពីមុខឬដើរពីក្រោយបុរសនោះទេ ប៉ុន្តែកូនត្រូវដើរទន្ទឹមគ្នាជាមួយនឹងបុរស។

កូនស្រីម៉ែ! ក្រៅពីគ្រួសារ សង្គមជាតិក៏ត្រូវការកូនដែរ។ សង្គមជាតិមិនមែនជាកិច្ចការផ្តាច់មុខរបស់បុរសនោះទេ វាគឺជាកាតព្វកិច្ចសម្រាប់មនុស្សគ្រប់គ្នា។ កូនត្រូវចេះជួយសង្គមជាតិតាមលទ្ធភាពដែលកូនអាចធ្វើ(ជួយ)បាន ដរាបណាកូននៅរស់ក្នុងសង្គមជាតិរបស់កូននោះ។ មានរឿងនិងវិធីជាច្រើន(ណាស់)ដែលកូនអាចជួយសង្គមជាតិរបស់កូនបាន។ ជាតិមិនអាចខ្វះកូនបានឡើយ។

ដកស្រង់ចេញពីសៀវភៅ រំដោះខ្លួនចេញពីភាពល្ងង់ខ្លៅ នៅទំព័រទី១១២ដល់១១៦
និពន្ធដោយលោក ឈុំ សីហា
👍1
កូនស្រីម៉ែ
🌻.នាទីមង្គលវិជ្ជា #Happiness
"កូនស្រីម៉ែ"

អំពី៖
- ស្រ្តី #Woman
————————————
ចែករំលែកបន្តដោយ : អបរំកម្ពុជា-សារព័ត៌មាននិងទស្សនៈ @CEducations
កូនប្រុសពុក

កូនប្រុសពុក! ពេលកូនកើតមក ពុកពិតជាមានក្តីរីករាយខ្លាំងណាស់ ពីព្រោះពុកសង្ឃឹមថា កូននឹងក្លាយជាសសរទ្រូងរបស់គ្រួសារនិងសង្គមជាតិ។

កូនប្រុសពុក! ពុកម៉ែអាចបង្កើតកូនបាន អាចជួយកូនបានតែក្នុងរយៈពេលមួយប៉ុណ្ណោះដូចនេះ កូនត្រូវតែចេះជួយខ្លួនឯង។ គ្មានអ្នកណាអាចជួយកូនបានរហូតនោះទេ សូម្បីតែពុកម៉ែរបស់កូន ដូចនេះ កូនត្រូវតែមានជំហររឹងមាំក៏សាងភាពរឹងមាំសម្រាប់ខ្លួន ទើបអាចក្លាយជាទីពឹងរបស់ខ្លួនបាន។ ពេលកូនរឹងមាំកូនត្រូវតែចេះជួយអ្នកដ៏ទៃ គ្រួសារ និងសង្គមជាតិរបស់កូន។

កូនប្រុសពុក! ក្នុងនាមជាកូនប្រុស កូនត្រូវតែធ្វើជាមនុស្សដែលមានគុណធម៌ និងមានគុណតម្លៃសម្រាប់អ្នកដ៏ទៃនិងសង្គមជាតិរបស់កូន។ កូនកើតមក ក្នុងនាមជាអ្នកជួយគេ មិនមែននាំបញ្ហាអោយគេនោះឡើយ។ កូនកើតមក ក្នុងនាមជាអ្នកជួយសង្គមជាតិ មិនមែនជាបន្ទុករបស់ជាតិនោះទេ។

កូនប្រុសពុក! កូនត្រូវប្រឹងរៀនសូត្រនិងអភិវឌ្ឍន៍ខ្លួនជានិច្ច។ តម្លៃពិតប្រាកដរបស់មនុស្សប្រុស គឺជាចំណេះដឹង អត្តចរិត និងជំនាញមួយពិតប្រាកដ ដូចសុភាសិតចិននិយាយថា “មានជំនាញមួយច្បាស់លាស់ ប្រសើរជាង(មាន)មាសមួយគីឡូ”។ កូនត្រូវអភិវឌ្ឍរបស់ទាំងបី (ចំណេះដឹង ជំនាញ និងអត្តចរិត) នេះជាប្រចាំ ទើបកូន(អាច)ក្លាយជាមនុស្សពេញលេញនិងមានតម្លៃក្នុងសង្គម។

កូនប្រុសពុក! ពេលធ្វើអ្វីមួយ កូនត្រូវធ្វើអោយបានច្បាស់លាស់និងដោយការទទួលខុសត្រូវ។ កូនត្រូវបង្កើតទម្លាប់ការងារដែលប្រកប ដោយភាពច្បាស់លាស់និងការទទួលខុសត្រូវ ទើបកូនអាចខ្ពង់ខ្ពស់និងប្រកបដោយភាពជោគជ័យបាន។

កូនប្រុសពុក! សូមជៀសអោយឆ្ងាយអំពីរឿងអាក្រក់និងមនុស្សអាក្រក់ទាំងឡាយ។ ត្រូវដកខ្លួនពីមនុស្សអាក្រក់ កុំញៀនស្រា ល្បែង គ្រឿងញៀន ស្រី ដែលរបស់ទាំង(អស់)នេះសុទ្ធតែនាំកូនទៅរកគ្រោះថ្នាក់។ កូនអាចក្លាយជាមនុស្សញៀនបានប៉ុន្តែជាមនុស្សដែលញៀនការរៀនសូត្រ ញៀនអំពើល្អ និងញៀនរឿងរីកចម្រើន ទើបជាការប្រសើរ។

កូនប្រុសពុក! គ្មាននារីណាម្នាក់ព្រមប្រគល់អនាគតអោយបុរសអត់បានការនោះទេ ហើយបើពុកមានកូនស្រី ក៏ពុកមិនលើកអោយដែរ។ ពុកសង្ឃឹមថាកូនក៏មិនស្ថិតក្នុងចំណោមមនុស្សអត់បានការទាំងនោះឡើយ។

កូនប្រុសពុក! កូនត្រូវចេះគោរពនិងអោយតម្លៃអ្នកដ៏ទៃ ទោះបីគេមានឬក្រ ទាបឬខ្ពស់ ប្រុសឬស្រី ក្មេងឬចាស់ ពោលគឺគ្រប់មនុស្សទាំងអស់។ កូនត្រូវចាំថា ដើម្បីទទួលបានតម្លៃនិងការគោរពកូនត្រូវតែចេះផ្តល់តម្លៃនិងការគោរពអោយគេ។

កូនប្រុសពុក! ទោះពុកមិនអាចក្លាយជាមនុស្សជោគជ័យ ប៉ុន្តែពុកចង់ឃើញកូនជោគជ័យ។កូនប្រុសពុក! ទោះបីពុកមិនសូវរៀនបានជ្រៅជ្រះ ប៉ុន្តែពុកចង់ឃើញកូនក្លាយជាមនុស្សចេះដឹងម្នាក់។ អ្វីដែលពុកចង់ឃើញ គឺកូនក្លាយជាមនុស្សដ៏មានតម្លៃម្នាក់ក្នុងពេលបច្ចុប្បន្ននិងតទៅអនាគត។

ដកស្រង់ចេញពីសៀវភៅ រំដោះខ្លួនចេញពីភាពល្ងង់ខ្លៅ នៅទំព័រទី១១៧ដល់១២០
និពន្ធដោយលោក ឈុំ សីហា
កូនប្រុសពុក
🌻.នាទីមង្គលវិជ្ជា #Happiness
"កូនប្រុសពុក"

អំពី៖
- បុរស #Man
————————————
ចែករំលែកបន្តដោយ : អបរំកម្ពុជា-សារព័ត៌មាននិងទស្សនៈ @CEducations
កិច្ចការសប្បុរស
ដកស្រង់ពីភ្នំពេញប៉ុស្ដិ៍
🌻.នាទីមង្គលវិជ្ជា #Happiness
"កិច្ចការសប្បុរស"

អំពី៖
- ការងារ #Career
- សប្បុរស #Generous
————————————
ចែករំលែកបន្តដោយ : អបរំកម្ពុជា-សារព័ត៌មាននិងទស្សនៈ @CEducations
រូបភាពជម្រៅអត្ថន័យ #DeepMeaning
————————————
ចែករំលែកបន្តដោយ : អបរំកម្ពុជា-សារព័ត៌មាននិងទស្សនៈ @CEducations
អ្នកប្រាជ្ញចិន ខុង ជឺ និយាយថា " ធ្វើគុណទៅហើយ បើអ្នកដទៃតបមកវិញ ចាត់ទុកដូចពុំបានធ្វើ។ បើធ្វើគុណប្រយោជន៍ទៅហើយ សូមកុំរំលឹកគុណទាំងអស់នៅចំពោះមុខអ្នកដទៃឱ្យសោះ ដ្បិតបើមិនដូច្នេះទេ គុណប៉ុនភ្នំ វានឹងត្រូវរលាយវិញអស់"។

ពី ទស្សនវិជ្ជា។
​​ចង់លេបយកប្រទេសមួយមិនបាច់ប្រើកងទ័ពឬអាវុធនុយក្លេអ៊ែរអីទេ គឺបង្វក់តែស្មារតីក្មេងអោយវក់ហ្គេមgame,Tik tokភ្លេចរៀនសូត្រ បំផ្លាញគ្រឹះអប់រំជាការស្រេច រួចបញ្ចូលមនុស្សរបស់គេតាមស្ថាប័ននានាមកគ្រប់គ្រងយើងដោយស្របច្បាប់និងបង្កើតច្បាប់ចងម្ចាស់ប្រទេសកុំអោយតវ៉ានោះមហិច្ឆតាក្នុងការលេបយកប្រទេសមួយនឹងបានជោគជ័យ....ចូរកូនខ្មែរទាំងអស់ត្រូវមានស្មារតីភ្ញាក់រលឹកថា បរទេសខាងកើតវាមិនដែលព្រមលែងយើងនោះទេ វានៅតែចិញ្ចឹមចិត្តយកប្រទេសយើងជានិច្ច ដោយពួកវាមានផែនការច្បាស់លាស់ជាជំហានៗដូចជាបញ្ចូលផ្នត់គំនិតចោលម្សៀតអាត្មានិយមតាមបណ្តាញសង្គម បង្កើតព្រឹត្តិការណ៍បំពុលផ្សេងៗដើម្បីអោយខ្មែរភ្លេចតាមដានរឿងជាតិរឿងទឹកដីជាដើម។ ខ្ញុំនិយាយនេះគឺធានាថានឹងមានអ្នកស្អប់ខ្ញុំ តែអត្ថិភាពនៃខ្ញុំដែលកើតមកក្នុងប្រទេសខ្មែរជាតិសាសន៏ខ្មែរនេះគឺដើម្បីកែប្រែរឿងទាំងនេះជាពិសេសគឺភារកិច្ចខ្ញុំកើតមកដើម្បីកសាងក្រុមបញ្ញវ័ន្តដ៏ពិតប្រាកដមួយ ខ្ញុំនៅតែមានអំណាចផ្លូវចិត្តនិងក្តីសង្ឃឹមក្នុងការកសាងសង្គមកម្ពុជាមួយប្រកបដោយភាពរីកចម្រើនខាងផ្នត់គំនិតស្រលាញ់ជាតិ ចេះដោះស្រាយបញ្ហាជាតិ រួមគ្នាអភិវឌ្ឍវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ កសិកម្ម និង យោធា....ចូរចាំសម្តីមួយឃ្លាពោលថា អ្នកប្រាជ្ញឬមហាបុរសហ៑ានស្លាប់ខ្លួនដើម្បីបុព្វហេតុជាតិ តែ មនុស្សចោលម្សៀតហ៑ានក្បត់ជាតិដើម្បីខ្លួននិងក្រុមខ្លួននិងសំងំយកសុខ។ ពីខ្ញុំ លោកគ្រូ វិសាល សៀវភៅផ្នែកនុយក្លេអ៊ែរ , គណិតវិទ្យាប្រើក្នុងរូវិទ្យាទំនើប និង លំហាត់សិស្សពូកែ ខ្ញុំបានផ្ញើទៅក្នុងTelegramអ្នកស្នើសុំរួចហើយ។

ប្រភព fb លោកគ្រូ វិសាល
តើអ្នកទាំងអស់គ្នាយល់ស្របទេ?
មនុស្សមិនសំខាន់លើអាយុតិច ឬច្រើនទេតែអ្វីដែលសំខាន់
តើនរណាប្រឹងប្រែងរៀនសូត្រ ឬអានសៀវភៅបានច្រើនជាង អ្នកនោះហើយដែលមានចំណេះច្រើនជាង។

ទាន់ខ្លួននៅក្មេង ត្រូវខិតខំរៀនសូត្រ កុំរវល់តែវក់វីលើរឿងដែលមិនគួរវក់វី ។ខ្ញុំមើលឃើញយុវជនយើងខ្លះ ស្រែកថាសង្គមអយុត្តិធម៌ សង្គមពុករលួយ តែក្នុងខណៈពេលដែលខ្លួនឯងមិនបានប្រឹងប្រែងអ្វីសោះ រវល់តែសប្បាយ មានពេលទំនេរក៏បបួលគ្នាសុីផឹក រាំច្រៀងថតបង្អួតគ្នីគ្នាលើបណ្តាញសង្គម។

យុវជនដែលនិយាយថាស្រឡាញ់សង្គម គឺមិនអាចបណ្តោយខ្លួនឱ្យដូចជាយុវជនធម្មតាបានទេ ដ្បិតអនាគតសង្គម និងមនុស្សជំនាន់ក្រោយគឺពឹងផ្អែកលើយុវជនជំនាន់នេះហើយ។ បើយើងមិនធ្វើគំរូល្អនៅពេលនេះ មិនប្រឹងរៀនសូត្រ មិនជួយបណ្តុះអ្នកបន្តវេននៅពេលនេះ តើយើងចាំដល់ពេលណាទៀត សង្គមយើងពេលនេះ អាចនិយាយបានថាដើរមកដល់ចំណុចមួយដ៏អាក្រក់ទៅហើយ។

ប្រទេសយើងមិនខ្វះទេធនធានយុវជន គឺខ្វះតែអ្នកដែលចេះប្រើប្រាស់កម្លាំងយុវជនទាំងនោះឱ្យត្រូវផ្លូវប៉ុណ្ណោះ។
ចូរប្រឹងប្រែងរៀនសូត្រ តាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តជាតិ ប្រឹងអាន ប្រឹងគិត ប្រឹងធ្វើគំរូល្អ។

ប្រភពFacebook: ទស្សនះវិជ្ជា
​​⚠️​.ក្ដីបារម្ភចំពោះមនុស្សជាតិ

សម័យកាន់តែទំនើប ចិត្តមនុស្សកាន់តែច្របូកច្របល់ គ្រឿងរំខានចិត្តក៏កាន់តែមានច្រើន សីលធម៌មនុស្សធ្លាក់ចុះ ក្រឡេកមកមើលយុវជន(មួយចំនួន)សព្វថ្ងៃក៏ពិបាកស្រោចស្រង់។

វិទ្យាសាស្ត្ររីកចម្រើន គឺមិនបានជួយជំរុញ ឬបង្កើតគុណធម៌ក្នុងចិត្តមនុស្សនោះទេ។ ផ្ទុយមកវិញសម្ភារៈទាំងនោះបានវាយប្រហារយ៉ាងខ្លាំងទៅលើគុណភាពនៃសីលធម៌ និងគុណធម៌របស់មនុស្សក្នុងសាកលលោក ហើយបើនិយាយដល់សន្តិភាពក្នុងចិត្តមនុស្សទៀតនោះ ក៏រឹតតែលែងមានទៅទៀត ព្រោះកាមគុណតែងនាំសត្វលោកឱ្យធ្លាក់ចុះក្នុងសេចក្ដីវង្វេងហ្នឹងឯង។
នាអតីតកាលដែលជាសម័យចិត្តនិយម គេកត់សម្គាល់ឃើញថាចិត្តរបស់មនុស្សមានសភាពល្អស្អាត នឹងធឹង មានសេចក្ដីស្ងប់ក្នុងចិត្ត មានគតិបណ្ឌិតល្អៗ សម្រាប់ទូន្មានខ្លួនឯង និងណែនាំដល់ជនានុជនឯទៀតសម្រាប់អប់រំហ្វឹកហាត់ចិត្តឱ្យជ្រះស្រលះចាកមន្ទិលទាំងពួដូចខ្លួនដែរ។ សម័យនោះជាសម័យដែលមនុស្សចម្រើនដោយចិត្ត ដែលមិនត្រូវបានកាមគុណពង្វក់ឱ្យវង្វេងរហូតស្វែងរកសច្ចធម៌មិនឃើញឡើយ។ ចិត្តស្ងប់ សតិចម្រើនឡើងមនុស្សគ្រប់គ្នាតែងគិតដល់គុណធម៌ក្នុងចិត្តជាសំខាន់ ជាងសម្ភារៈក្រៅខ្លួន។ ប៉ុន្តែបច្ចុប្បន្នកាលមិនដូច្នោះឡើយ សម័យនេះជាសម័យសម្ភារៈនិយម មនុស្សមិនសូវជាគិតដល់គុណតម្លៃនៃជីវិតជាងក្រពះរបស់ខ្លួននោះឡើយ។ ពួកគេហ៊ានប្រព្រឹត្តទង្វើគ្រប់យ៉ាងដែលអាចធ្វើបាន តាមចំណង់នៃចិត្តខ្លួន រហូតដល់ថ្នាក់ផ្ដាច់ផ្ដិលជីវិតមាតាបិតារបស់ខ្លួនទៀតផង។ ចិត្តមនុស្សជ្រួលច្របល់ក្នុងកាមគុណទាំង៥ ដែលវង្វេងក្នុងពណ៌ដូចជាមមាច វង្វេងក្នុងសម្លេងដូចជារៃ វង្វេងក្នុងរសដូចជាជ្រូក ង្វេងក្នុងសម្ផស្សដូចជាចាមរី ធ្វើមោហៈបិទបាំងបញ្ញាមិនឱ្យជាក់ច្បាស់ក្នុងសភាវៈពិត។ ដែលទាំងនេះសុទ្ធតែជាគ្រឿងពង្វក់ចិត្តឱ្យវង្វេង បំប្លែងចិត្តឱ្យរាយមាយ កម្ចាយចិត្តឱ្យមិនស្ងប់។

សីលធម៌ គុណធម៌ ការអប់រំធ្លាក់ចុះ ជាគ្រោះដល់មនុស្សជាតិ ជាពិសេសនោះគឺសង្គមជាតិទាំងមូល។ ប្រសិនបើមនុស្សយង់ឃ្នងរស់នៅច្រើនជាងមនុស្សត្រឹមត្រូវនោះ សង្គមនឹងច្របូកច្របល់ជាមិនខាន។ ក្រឡេកមកមើលតថភាពក្នុងសង្គមសព្វថ្ងៃជាក់ស្ដែង មនុស្សម្នាទាំងពួងជាពិសេសយុវជនដែលជាកម្លាំងស្នូលនៃជាតិ បានឈ្លក់វង្វេងក្នុងកាមគុណជាខ្លាំង រហូតដល់ភ្លេចពីសីលធម៌ និងវប្បធម៌របស់ជាតិ ឈ្លក់វង្វេងសប្បាយភ្លេចគិតដូចជាសត្វរៃនារដូវប្រាំង។ អ្វីដែលបំផ្លាញ និងពង្វក់ចិត្តមនុស្សក្នុងសង្គមយើង គឺបច្ចេកទំនើបហ្នឹងឯង មិនមែនអ្វីឯណាឡើយ។
តាមពិតទៅបច្ចេកវិទ្យាទំនើបៗត្រូវបានគេបង្កើតឡើងដើម្បីបង្កភាពងាយស្រួលដល់មនុស្សជាតិមិនមែនដើម្បីបំផ្លាញមនុស្សឡើយ (ក៏មានមួយចំនួនធ្វើឡើងដើម្បីបំផ្លាញមនុស្សផងដែរ)។ ប៉ុន្តែសម្រាប់មនុស្សដែលគ្មានភាពម្ចាស់ការលើខ្លួនឯងនោះនឹងត្រូវវាគ្រប់គ្រងវិញជាមិនខាន។ សព្វថ្ងៃក្មេងៗតូច ក៏ដូចជាក្មេងជំទង់ជាច្រើន រហូតដល់មនុស្សវ័យកណ្ដាលហើយនោះ បានវក់យ៉ាងខ្លាំងជាមួយនឹងបច្ចេកវិទ្យាទំនើបៗ និយាយឱ្យចំគឺហ្គេមតែម្ដង មិនមែនវក់ងប់នឹងការសិក្សាពីបច្ចេកវិទ្យាឡើយ។ ហ្គេមគឺជាល្បែងជាបាយមុខ ហើយអបាយមុខនឹងញ៉ាំងបុគ្គលដែលប្រព្រឹត្តរមែងញ៉ាំងខ្លួនឱ្យដល់នូវសេចក្ដីវិនាស មិនចម្រើនឡើយ។
ជាក់ស្ដែងមានមនុស្សជាច្រើនត្រូវបានបាត់បង់ប្រាក់កាស ពេលវេលា សេចក្ដីសុខផ្ទាល់ខ្លួន មានជម្លោះទាស់ទែងជាមួយគ្រួសារ គ្មានពេលរៀនសូត្រ ជាពិសេសនោះគឺបាត់បង់សុខភាព ដោយសារហ្គេមក៏មានមិនតិចដែរ (អ្នកដែលវក់នឹងហ្គេម) ហើយនេះក៏ជាបញ្ហាដ៏ធំក្នុងស្រុកខ្មែរដែលត្រូវដោះស្រាយផងដែរបន្ទាប់ពីបញ្ហាស្រា។

ចង់បានសង្គមមួយដែលរីកចម្រើនពិតប្រាកដ ដែលមិនមែនរីកចម្រើនតែផ្នែកសម្ភារៈ តែជាសង្គមមួយដែលចិត្តមនុស្សរីកសាយដោយគុណធម៌ សន្តិធម៌។ ជាបឋមត្រូវអប់រំចិត្តមនុស្សឱ្យប្រសើរជាមុនសិន មានភាពស្ងប់សុខនឹងធឹងជាមុនសិន ទើបសង្គមនោះអាចរស់នៅប្រកបដោយសន្តិភាពបាន។ បើមិនដូច្នោះ សង្គមនឹងចលាចលច្របូកច្របល់ដោយពួកបណ្ឌិតដែលមានងារជាអ្នកវិទ្យាសាស្រ្តជាមិនខាន។ សង្គមច្របូកច្របល់ព្រោះចិត្តច្របូកច្របល់(ខ្វះសមាធិ) បើចិត្តមនុស្សស្ងប់សុខប្រាសចាកចំណង់ហើយនោះ សង្គមនឹងសន្តិភាពជាមិនខាន។ សត្វមមាចដែលឆេះស្លាប់ក្នុងភ្លើង ព្រោះគ្រប់គ្រងចំណង់របស់ខ្លួនមិនបានហ្នឹងឯង។

ចិត្តដែលគ្មានការអប់រំ ពេលជួបប្រទះអកុសល ប្រៀបដូចបាតដៃដែលមានដំដៅចាប់កាន់ថ្នាពិស!

សម័យទំនើបពើបប្រទះ ចិត្តមនុស្សរលះជះទោសា
បញ្ចេញអសុរោះវាចា គ្មានកោតនរណាព្រោះវង្វេង។

បច្ចេកវិទ្យាងារបណ្ឌិត ពិភពលោកជិតគ្រោះធំធេង
ចិត្តជ្រួលច្របល់លែងគិតក្រែង ធ្វើតាមចិត្តឯងគ្មានញញើត។

គុណធម៌ធ្លាក់ចុះទោសកើនឡើង សីលមិនចម្រើនកើនមិនកើត
គ្រឿងរំខានចិត្តញាក់ទទ្រើត មួយលើកពីរលើកក៏វង្វេង។

យុវជនជ្រុលខ្លួនពួនគំនិត វង្វេងភ្លេចគិតប្រឹងលលេង
នឹងសម្ភារៈនាំបែកឆ្វេង ធ្វើបាបខ្លួនឯងព្រោះចំណង់។

រក្សាសិទ្ធិដោយ អត្ថបទជីវិត
រូបភាព Pinterest
🔆ឥទ្ធិបាទធម៌ទាំង ៤ យ៉ាងរបស់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យអ្នកជោគជ័យក្នុងការប្រកបការងារក្នុងជីវិត

ព្រះពុទ្ធគឺជាបុគ្គលដ៏អស្ចារ្យមួយរូបដែលមនុស្សជាច្រើនជុំវិញពិភពលោកបានស្គាល់ថាជាបុគ្គលត្រាស់ដឹង ពោលគឺព្រះអង្គជ្រាបច្បាស់គ្រប់រឿងរ៉ាវទាំងអស់ដែលមនុស្សយើងមិនអាចដឹងបាន។ តាមរយៈមេរៀននិងទស្សនវិជ្ជារបស់ព្រះអង្គជាច្រើនដែលត្រូវបានពុទ្ធសានិករបស់ព្រះអង្គយកមកអនុវត្តនិងបង្រៀនបន្ត។
ក្នុងចំណោមមេរៀនជាច្រើន ព្រះអង្គបានបង្រៀននូវមេរៀនដ៏សំខាន់មួយដើម្បីក្លាយជាបុគ្កលជោគជ័យក្នុងអាជីពរបស់ខ្លូន មេរៀននោះត្រូវបានគេហៅថា ឥទ្ធិបាទធម៌មានបូនយ៉ាង៖

១) ឆន្ទ:៖
ដើម្បីជោគជ័យក្នុងការធ្វើកិច្ចការណាមួយ ទោះបីការសិក្សាក្តី ការប្រកមុខជំនួញផ្សេងៗក្តី ឬក៏កិច្ចការតូចតាចក្តី អ្នកត្រូវតែមានឆន្ទ:មោះមុតនិងបំណងច្បាស់លាស់ក្នុងការធ្វើកិច្ចការទាំងនោះ។ ការងារគ្រប់យ៉ាងមិនចាំបាច់ថ្វីដល់ការងារធ្ងន់ឬលំបាកធ្វើនោះទេ បើខ្វះឆន្ទ:ហើយអ្វីៗក៏មិនអាចសម្រេចបានឡើយ។

២) វីរិយ:៖ សេចក្តីព្យាយាម កិច្ចការទាំងអស់បើមិនមានការព្យាយាមប្រឹងប្រែងបំពេញទេ សូម្បីតែបានមកដល់ដៃអ្នកហើយ ក៏អាចបាត់បង់ទៅវិញបានដែរ ហើយជីវិតរបស់យើងនឹងដើរថយក្រោយគ្មានជំហានឈានទៅរកភាពជោគជ័យបានឡើយ។ ដូចនេះបើមានឆន្ទ:មុះមុតហើយតែគ្មានការប្រឹងប្រែងព្យាយាមធ្វើទេ អ្នកមិនអាចសម្រេចនូវជោគជ័យក្នុងជីវិតបានឡើយ។

៣) ចិត្ត:៖ការយកចិត្តទុកដាក់លើកិច្ចការងារ។ ការងារមួយចំនួនទោះបីអ្នកមានការស្ទាត់ជំនាញក៏ដោយ បើខ្វះការយកចិត្តទុកដាក់ផ្ចិតផ្ចង់ ធ្វើដោយប្រថុយប្រថានមិនច្បាស់លាស់ ប្រាកដណាស់ថាកិច្ចការនោះនឹងមិនអាចធ្វើបានល្អឡើយ។ ដូច្នេះ អ្នកត្រូវមានការផ្ដោតអារម្មណ៍ យកចិត្តទុកដាក់លើគ្រប់កិច្ចការដែលអ្នកកំពុងធ្វើជាប្រចាំ។

៤) វិមំសា៖ បញ្ញាដែលពិចារណាឃើញក្នុងកិច្ចការទាំងអស់នោះថា ធ្វើយ៉ាងណាទើបការងារនោះដើរទៅមុខបាន។ ការងារទាំងអស់មិនមែនសម្រេចបានដោយសារមានតែកម្លាំងបាយទេ គឺទាល់តែមានប្រាជ្ញាឈ្លាសវៃ ទើបសម្រេចបានផលបានល្អ។ ដូចនេះ ដើម្បីបំពេញកិច្ចការណាមួយឲ្យបានជោគជ័យ អ្នកត្រូវមានឆន្ទ: សេចក្តីព្យាយាម ការយកចិត្តទុក្ខដាក់លើកិច្ចការនោះ និងចុងក្រោយត្រូវមានបញ្ញា ប្រើយុទ្ធសាស្រ្តឲ្យបានត្រឹមត្រូវ៕


ចុចអាន៖ ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា
ដោយ៖ មាន រ៉ាម៉ាញ
ទាំងអស់គ្នាដើម្បីកម្ពុជា - Propey ft Ponleur
T.me/CSong855
@CSong855
បទ៖ "ទាំងអស់គ្នាដើម្បីកម្ពុជា"
ដោយ៖
- ប្រពៃ #Propey
- ពន្លឺ #Punleur
ឆ្នាំ២០១៥ #Y2015
--------------------
ប្រភេទ៖ "ឆ្លងឆ្លើយ" #Together
ច្រៀង៖ "ក្រុម" #Group
អារម្មណ៍៖ "ពេញចិត្ត" #Contentment
បរិយាយ៖
- ជាតិ #Nation
- យុវជន #Youth
- ជីវិត #Life

—————————
គាំទ្រអ្នកនិពន្ធនិងសិល្បករ
https://www.youtube.com/c/propey
ឥទ្ធិពលស្រ្តីនៅក្នុងសង្គមជាតិ

កាលដើមឡើយខ្មែរយើងតែងមានទស្សនៈអវិជ្ជមានចំពោះស្រ្តីថា “ ស្រ្តីបង្វិលចង្ក្រានមិនជុំ” ដែលទស្សនៈនេះបាន ហាមឃាត់ស្រ្តី មិនឲ្យរៀនសូត្របានខ្ពង់ខ្ពស់ដូចជាបុរសឡើយ ។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ស្រ្តីមានសិទ្ធិស្មើនឹងបុរស(យេនឌ័រ)ក្នុងការសិក្សារៀនសូត្រ ការចូលរួមធ្វើកិច្ចការងារសង្គម ហើយស្ត្រីក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការជួយឲ្យសង្គមជាតិមានការរីកចម្រើន។

ស្រ្តីដែលប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងអប់រំចរិយាបានល្អកាលខ្លួននៅយុវវ័យ នឹងក្លាយខ្លួនទៅជា”វិចិត្រករឆ្លាក់មនុស្សល្អសម្រាប់សង្គមជាតិ” នៅពេលខ្លួនក្លាយទៅជាម្តាយរបស់គេ។ ព្រោះអ្វី? ព្រោះអត្តចរិតរបស់មនុស្សម្នាក់ៗបានទទួលរងឥទ្ធិពលចេញពីកត្តាគ្រួសារ ជាដំបូងបំផុត ហើយជាពិសេសពីម្តាយដែលបានចិញ្ចឹមបីបាច់ អប់រំ និងធ្វើជាគម្រូរបស់កូនៗនេះឯង។

ថ្វីដ្បិតតែស្រ្តីមានកម្លាំង និងរូបរាងមិនរឹងមាំដូចបុរសយ៉ាងណាក្តី ក៏ប៉ុន្តែចំពោះប្រាជ្ញាស្មារតី និងមហិច្ឆតារបស់ស្រ្តីវិញ ពួកគាត់ក៏មានមិនចាញ់បុរសឡើយ។ តាមពិតទៅ ស្រ្តីក្នុងពេលបច្ចុប្បន្ននេះ មិនត្រឹមតែជាស្រ្តីមេផ្ទះនោះទេ ពួកគាត់ក៏ជាអ្នកដឹកនាំក្នុងស្ថាប័នជាតិធំៗ ជាម្ចាស់អាជីវកម្ម និងជាកម្លាំងស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិដែលមិនអាចខ្វះបានផងដែរ។

ពោលជារួម បើគ្មានការចូលរួមយ៉ាងសកម្មពីស្រ្តីទេ សង្គមជាតិមួយក៏មិនអាចរីកចម្រើនបានឆាប់រហ័សដែរ។ ការផ្តល់តម្លៃ ការគោរព និងការលើកកម្ពស់សិទ្ធិស្រ្តី គឺជាកិច្ចការដែលបុរសក្នុងសម័យនេះត្រូវចូលរួមទាំងអស់គ្នា។ បន្ថែមពីនេះ ខ្ញុំសូមជូនពាក្យមួយឃ្លារបស់ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ហារូលដ៏ ម៉ាកមីឡែន ដល់បុរសថា “ គ្មានបុរសណាម្នាក់ជោគជ័យ ដោយគ្មាននារីល្អម្នាក់នៅពីក្រោយគាត់នោះទេ”។

អត្ថបទដកស្រង់ចេញពីសៀវភៅ ៖ សាងជីវិតគិតសង្គម (ពុយ ស៊ីដេត)
រូបភាព ៖ Facebook
ការអានសៀវភៅ
មានមនុស្សច្រើនណាស់ដែលចូលចិត្តអានប្រយោគល្អ អត្ថបទក្នុងទូរស័ព្ទ ឬក្នុងសៀវភៅជាដើម...។ តែការអានទាំងអស់មិនមែនសុទ្ធតែល្អ ហើយមានប្រយោជន៍ឡើយ បើសិនយើងអានមិនពិចារណាសំណេរទាំងនោះ។ ការដែលយើងអានសៀវភៅ យើងគួរតែជ្រើសរើសសៀវភៅណាដែលយើងចង់អាន ហើយចំណង់ចំណូលចិត្តយើងចង់អានសៀវភៅនោះ មិនមែនគ្រាន់តែយើងឃើញសៀវភៅដែលមានតម្លៃថ្លៃទើបយើងទិញអាននោះទេ។ សៀវភៅដែលថ្លៃមិនមែនសិទ្ធិតែអត្ថន័យខ្លឹមសារល្អទេ។ យើងឃើញសៀវភៅ នៅមានក្រប់ស្អាត ឬឃើញឈ្មោះអ្នកនិពន្ធល្បីល្បាញ ទើបយើងទិញអាន។ យើងមិនគួរធ្វើទាសករនៃគំនិតអ្នកនិពន្ធឡើយ យើងគួរតែជ្រើសរើសសៀវភៅដែលត្រូវនឹងចំណងចំណូលចិត្តយើង ហើយគួរតែជ្រើសរើសសៀវភៅដែលទាក់ទងនឹងគោលដៅ ឬបញ្ហារបស់យើង ។ មួយវិញទៀតយើងអានសៀវភៅ យើងគួរចេះគិតពិចារណានៃសំណេរនីមួយៗ គឺអ្នកអានយកចេះ ហើយយកយល់នៃអ្វីដែលអ្នកនិពន្ធចង់ប្រាប់ មានន័យថាអានគិតពិចារណា មិនមែនអានឱ្យតែចប់ៗឡើយ។ តែសម្រាប់អ្នកអានយកចប់ គឺអានដោយគ្មានយល់នៅអ្វីដែលអ្នកនិពន្ធចង់ប្រាប់ ហើយគ្មានយល់អត្ថន័យខ្លឹមសាររបស់សំណេរឡើយ ការដែលអ្នកអានបែបនេះធ្វើឱ្យអ្នកចំណាយពេលឥតប្រយោជន៍។

ការអានអាចផ្ដល់អត្ថប្រយោជន៍ដល់អ្នកច្រើនណាស់_ដូច្នេះអ្នកគួរតែបង្កើតទម្លាប់ក្នុងការអានសៀវភៅ

ចូលរួមអានសៀវភៅទាំងអស់គ្នាដើម្បីខ្លួនឯងនិងសង្គម
ប្រភពfb: រៀនអំពីជីវិត
👍3
​​តបសារទៅប្អូនៗ ជាពិសេសយុវជនមួយចំនួនដែលតែងនិយាយជាប់មាត់មិនដាច់ថា សម័យអីហើយចេះមើលប្រទេសគេជិតខាងផង...គេដើរដល់ណាហើយអីក៏បុិនទើសម្ល៉េះ... សម័យនេះមិនមែនជំនាន់ទុំទាវទេ....

ត្រូវ!បងឲ្យ១០០ពិន្ទុ សម័យនេះគឺជាសម័យកាលមួយដែលពិភពលោកដើរដល់បដិវត្តឧស្សាហកម្ម៤.០ធ្វើឲ្យកម្រិតជីវភាពរបស់សង្គម និងប្រទេសនីមួយៗកាន់តែមានការអភិវឌ្ឍជឿនលឿនជាងមុនទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា ប្រព័ន្ធឌីជីថល និងទូរគមនាគមន៍... ប្រទេសខ្លះអាចផលិតយន្តហោះ មនុស្សយន្ត នាវាចម្បាំង ឡានអគ្គីសនី ឡានស្វ័យប្រវត្តិ
មុីសីុល បរមាណូ គ្រាប់រ៉ូកែត ម៉ាសុីនពាណិជ្ជកម្ម-កសិកម្មទំនើបៗជាច្រើនទៀត

ឯប្រទេសខ្លះមួយចំនួនទៀតអាចបង្កើតយានអវកាសហោះដល់ឋានព្រះច័ន្ទសិក្សាស្រាវជ្រាវរកblackhole និងភពផ្សេងទៀតក្នុងចក្រវាឡស្ទើតែគ្មានសល់ ហើយថ្មីៗនេះពិភពលោកក៏កំពុងតែត្រៀមខ្លួន និងបានចូលខ្លួនទទួលយកនូវការបដិវត្តថ្មីនៃបច្ចេកវិទ្យាAIសម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម និងស្ថាបត្យកម្មដោយមិនចាំបាច់ប្រើកម្លាំងមនុស្សទៀតផង ចុះប្អូនៗមាត់ពោលថាសម័យកាលជឿនលឿននោះសម្តៅដល់អី? ឬសម្លឹងឃើញត្រឹមតែការស្លៀកពាក់សុិចសុីបង្ហាញចុង បង្ហាញគល់ រាំត្រណាត់ត្រណែងបែកស្លុយពេញទីកតុក?

អូហ៍! ឬក៏ការផឹកសុី បង្ហោះម៉ូតូកាប់ចាក់ តុបតែងខ្លួនកាត់ស្តាយស៍កូរ៉េ អុឺរ៉ុប លាបថ្នាំសក់ក្រហមស ចោះក្រវិល ចាក់សាក់ពេញដងខ្លួន នោះទើបហៅថាទាន់សម័យ?

បងកំពុងតែឆ្ងល់សូមប្អូនៗ និងអ្នកដែលលើកឡើងគំនិតនេះជួយបកស្រាយផង។
ប្រភពfb: Troll ASEAN Bible
​​ពេលណាភ្ញាក់ខ្លួន
(បទកាកគតិ)

វប្បធម៌រលំ អក្សរដេកយំ
ខ្មែរខ្ញុំជាន់ឈ្លី ទំពាំងពុលថ្នាំ
ដាំជាតិគីមី លែងគិតសំភី
វក់វីផ្ដេសផ្ដាស។

ឃើញហើយសង្វេគ អក្សររហែក
ពូជក្អែកផ្គើនណាស់ បំផ្លាញជាតិខ្លួន
រុកកួនជាតិសាសន៍ គួរឱ្យអាម៉ាស់
ក្មេងចាស់ប្រុសស្រី។

ខ្មែរឈ្មោះតែមាត់ ដើរខុសបន្ទាត់
ភ្លាត់បាត់ស្មារតី វង្វេងគំនិត
លែងគិតឃ្មាតខ្មី អក្សរចួបភ័យ
រីងរៃមិនព្រួយ។

បើលែងសង្វាត របេះក្បួនខ្នាត
ខ្មែរខាតផ្កាត្រួយ អក្សរសាស្ត្រជាតិ
សៀមឆ្លៀតលើកស្ទួយ ព្រោះតែបង្កួយ
គេពួយបំភ្លៃ។

ជាតិមានអក្សរ ពីកដល់អ
សែនល្អប្រពៃ តែសែនអាសូរ
ពួកគោក្របី ជាន់ឈ្លីយប់ថ្ងៃ
ប្រល័យសាវតារ។

អក្សរជាតិសាសន៍ កូនខ្មែរបែរផ្ដាស
ក្រឡាស់ចិន្ដា ប្រឹងតែពន្លិច
ក្តិចត្រួយខេមរា លែងចេះស្នេហា
អក្ខរាជាតិខ្លួន។

សាសន៍ជិតរបង សៀមលួចប៉ុនប៉ង
ថែស្នងខ្ជាប់ខ្ជួន តែម្ចាស់វង្វេង
បែកឆ្វេងចោលក្បួន លែងគិតថែថួន
ធ្វើខ្លួនអស្ចារ្យ។

បើអ្នកជាខ្មែរ ទាំងក្រុងនិងស្រែ
ត្រូវតែស្នេហា បើនៅប្រឹងឆ្កួត
គឺស្ងួតក្រឡា ទាំងក្បួនតម្រា
ទុក្ខាថ្ងៃមួយ។

អាសូរជាតិផង ដែនព្រំរបង
ត្រូវស្នងត្រូវជួយ ទាំងអក្សរសាស្រ្ត
ក្មេងចាស់លើកស្ទួយ កុំនៅក្តិចត្រួយ
ត្រូវជួយការពារ។

ភ្ញាក់វិញកូនខ្មែរ ត្រូវចេះរួមថែ
ក្រុងស្រែពិចារណ៍ អក្សររលាយ
គេងាយប្រហារ កុំចាំក្ដៅផ្សា
នេត្រាជោកកាយ។

សាសន៍ក្បែរៗខ្លួន វាគុំវាកួន
រុកកួនជិតឆ្ងាយ បើយើងប្រហែស
របេះនាយអាយ ជាតិក្ដៅក្រហាយ
អន្តរាយពីខ្លួន។

ព្យញ្ជនៈខ្មែរ មានច្រើនហូរហែ
ត្រូវថែណាស្ងួន បើបាត់ព្រលឹង
យើងនឹងបាត់ខ្លួន បើខ្មែរចោលក្បួន
សៀមយួនបានចិត្ត។

អក្ខរាសូមផ្ដាំ ទុកជាបណ្ដាំ
រយឆ្នាំពិនិត្យ បើចោលអក្សរ
នគរងងឹត បើខ្មែររួមគិត
ដ្បិតសុខសាន្តត្រាណ។

តែបើរបេះ ជាតិយើងនឹងច្រែះ
ដូចផេះចង្ក្រាន បើថែព្រលឹង
ជាតិនឹងក្សេមក្សាន្ត បើឆ្កួតគ្រប់ប្រាណ
សន្ដានទុក្ខធំ។

ស្មេរដោយ៖ "នួន ច័ន្ទមករា" ៤/៧/២០២១
កំណាព្យទី៤៣២
ប្រភព fb: សំណេរ ជីវិត
👏1
អបអរសាទរគម្រប់ខួបទី១៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក 🇰🇭💐